• ខ្មែរ
  • EN

កិច្ចប្រជុំសិក្សាស្វែងយល់ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​ពាណិជ្ជ​កម្មអេឡិចត្រូនិច​ (E-​Commerce)​

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ លោកជំទាវ​​ ជ្រឹង​ បុទុមរង្សី​ អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​ គណៈ​ប្រតិភូ​នៃ​មជ្ឈមណ្ឌល​ អាស៊ាន​-កូរ៉េ​ ដើម្បី​សិក្សា​ស្វែង​យល់​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច ​(E-Commerce)​។

លោកជំទាវ​​ ជ្រឹង​ បុទុមរង្សី​ អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ សហគ្រិនជាច្រើនរូប ដែល​មក​ពី​សាធារណ​រដ្ឋ​កូរ៉េ​ ដើម្បី​ចែក​រំលែក​បទ​ពីសោធន៍​ និង​ស្វែង​យល់​ពី​បែប​បទ​ ក៏​ដូចជា​ គោល​នយោ​បាយ​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​។ ​ជាង​នេះ​ទៅ​ទៀត​ភាគី​កូរ៉េ​​ក៏​ចង់​ស្វែង​យល់​បន្ថែម​ នូវ​ឱកាស​ទីផ្សារ​ការងារ​ ធនធាន​មនុស្ស​ ការ​ដឹក​ជញ្ជូន​ និង​ប្រព័ន្ធសុវត្តិភាព​ ដែល​អាច​ចូល​រួម​សហការណ៍​ជាមួយ​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​នាំចូល​ផលិត​ផល​នៃ​ប្រទេស​ទាំងពីរ​។

ក្នុង​​នោះ​ដែ​រ​ លោក​ជំទាវ​ បាន​រៀប​រាប់​ នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ គោល​នយោបាយ​ ផែន​ការ​សកម្មភាព​ កិច្ច​សហ​ប្រតិបត្តិការ​នៃ​អន្តរ​ក្រសួង​ និង​ប្រព័ន្ធ​សុវត្តិភាព​លើ​វិស័យ​អនឡាញ​ ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សហ​គ្រិន​ដែល​មាន​បំណង​ចង់​បោះ​ជំហាន​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​ អេឡិច​ត្រូនិច​ នៅ​កម្ពុជា​។

ជា​ចុង​ក្រោយ​លោក​ជំទាវ​ក៏​នឹង​សង្ឃឹម​ថា​ ភាគី​ទាំង​ពីរ​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​ ជាមួយ​គ្នា​ ទាំង​វិស័យ​រដ្ឋ​ និង​វិស័យ​ឯក​ជន​។​

 

Related Post