• ខ្មែរ
  • EN

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន Rohde&Schwarz

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន Rohde&Schwarz។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាល សិង្ហបុរី ដែលបានចូលរួមចំណែក ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមកម្ពុជា ជាពិសេស តាមរយៈការសហការរៀបចំកម្មវិធីកសាងសមត្ថភាពបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាកន្លងមក និងការផ្តល់ធាតុចូលក្នុងការ រៀបចំសេចក្តីព្រាង គោលនយោបាយ រដ្ឋាភិបាល ឌីជីថល ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងសុឆន្ទៈ និងការបេ្តជ្ញាចិត្តរួមគ្នាក្នុងការកសាងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដើម្បីសម្រេចឱ្យបានសមិទ្ធផលកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកពីបច្ចុប្បន្នភាពនៃការងារជាអាទិភាពរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ការធ្វើឌីជីថលនីយកម្មផ្ទៃក្នុងក្រសួង ការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យកាន់តែល្អទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (submarine cable), បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង (Backbone network), បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ (Access Network), និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិ (International Internet Gateway) ជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការដឹកនាំការងារប្រកបដោយទស្សនៈវិស័យរបស់ឯកឧត្តម រដ្ឋមន្ត្រីនិងសម្តែងក្តីរីករាយក្នុងការចូលរួមជួយក្រសួង ដើម្បីសម្រេចការងារជាអាទិភាពទាំងនេះទៅតាមភាពជាក់ស្តែង។

នាឱកាសនោះ តំណាងក្រុមហ៊ុន Rohde&Schwarz បានធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រីអំពីមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តិ៍ឧបករណ៍អេឡិចត្រូនិក ដែលអាចមានសមត្ថភាពក្នុងការវាស់នូវលក្ខណៈសម្បត្តិឧបករណ៍អេឡិចត្រូនិកនានា រួមទាំងទូរស័ព្ទផងដែរ ដើម្បីបញ្ជាក់ពីអនុឡោមភាពទៅតាមស្តង់ដាដែលបានកំណត់ ដោយស្ថាប័នឬប្រទេសនិមួយៗ។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញការចាប់អារម្មណ៍ចំពោះមន្ទីរពិសោធន៍លើការធ្វើតេស្តិ៍ឧបករណ៍នេះ ដែលជាមួយការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃបច្ចេកវិទ្យាឥតឈប់ឈរ មន្ទីរពិសោធន៍នេះនឹងដើរតួសំខាន់រួមចំណែកដល់ការជួយធានាស្តង់ដា ទប់ស្កាត់ឧបករណ៍ដែលគ្មានគុណភាព និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

Related Post