• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការទំនាក់ទំនងទាំងពីរដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក៏ដូចជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវនូវការងារអាទិភាពមួយចំនួនរបស់ក្រសួងដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល, ការរៀបចំឌីជីថលនីយកម្មក្រសួង, ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការនៅក្រសួងនិងនៅតាមមន្ទីខេត្ត, ការជ្រើសរើសក្រុមអ្នកបច្ចេកវិទ្យាវ័យក្មេង និងការចាប់ផ្តើមដាក់ឱ្យដំណើការបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នាពេលខាងមុខ។

ឯកឧត្តមឯកអគ្គរាជទូត MIKAMI Masahiro បានជម្រាបអំពីកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់អំពីសារសំខាន់នៃវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិសេសការដឹកនាំមានទស្សនវិស័យច្បាស់លាស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងសង្ឃឹមថាចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើ និងទទួលបាននូវសមិទ្ធផលថ្មីៗ ជាពិសេសសម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

ជាការឆ្លើយតបនឹងសំណើរបស់មិត្តជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសគាំទ្របេក្ខភាពតំណាងប្រទេសជប៉ុនក្នុងការបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការរបស់សហភាពប្រៃសណីយ៍សកល (Universal Postal Union–UPU) និងបេក្ខភាពក្នុងសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីភិក (Asia-Pacific Telecommunity –APT) នាពេលខាងមុខផងដែរ។

Related Post