• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឲ្យលោក Lin Hongliang អគ្គលេខាធិការ APPU ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោក Lin Hongliang អគ្គលេខាធិការ សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោករយ:ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យប្រៃសណីយ៍រវាងសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU) និងព្រះរាជាណាចក្រកម្ពុជា។

លោក Lin Hongliang អគ្គលេខាធិការ (APPU) (រូបឆ្វេង)    ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (រូបស្តាំ)
 

ក្នុងជំនួបពិភាក្សាការងារ  ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនលោកអគ្គលេខាធិការ សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក អំពីការអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ និងការរៀបចំបទដ្ឋានគតិយុត្តក៏ដូចជាគោលនយោបាយសម្រាប់អភិវឌ្ឍវិស័យនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការបន្តពង្រឹងកិច្ចសហការគ្នាលើវិស័យប្រៃសណីយ៍បន្ថែមទៀត រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវអ្នកជំនាញផ្នែកប្រៃសណីយ៍ក្នុងការចូលរួមផ្តល់ធាតុចូលដល់ការពង្រាងគោលនយោបាយប្រៃសណីយ៍ ដើម្បីធានានូវអនុលោមភាពតាមស្តង់ដាអន្តរជាតិ។

លោកអគ្គលេខាធិការ APPU បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងខ្លាំងក្នុងការអភិវឌ្ឍខ្លួន និងចូលរួមយ៉ាងសកម្មជាមួយសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក។ លោកក៏បានទទួលយកសំណើរបស់ភាគីកម្ពុជា និងខិតខំប្រឹងប្រែងជាមួយអ្នកឯកទេសដើម្បីចូលរួមជួយជ្រោមជ្រែងវិស័យប្រៃសណីយ៍នៅកម្ពុជាឲ្យវិវឌ្ឍន៍ឈានឡើងមួយកម្រិតទៀត។

នៅថ្ងៃដដែលនេះ លោកអគ្គលេខាធិការ APPU ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រៃសណីយ៍កម្ពុជា និងធ្វើទស្សនកិច្ចដំណើរការផ្គត់ផ្គង់សេវាប្រៃសណីយ៍ជាក់ស្តែងនៅប្រៃសណីយ៍កម្ពុជាផងដែរ៕

 

Related Post